ស្លាប់និងរបួស ក្នុងហេតុការណ៍ រថភ្លើងធ្លាក់ចេញពីផ្លូវ នៅឥណ្ឌា

ឥណ្ឌ៖ រថភ្លើងដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់ចេញពីផ្លូវដែកមួយ ស្ថិតនៅភាគខាងជើង រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា ខណៈមានមនុស្សជាច្រើនសិបនាក់ បានរបួសធ្ងន់ស្រាល និងខ្លះទៀតបានស្លាប់ផងដែរ។
លោកអធិការប៉ូលិស Zake Ahmed បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន ឲ្យដឹងថា យ៉ាងហោចណាស់មនុស្សប្រមាណជា ៤៣នាក់ ត្រូវបានរងរបួស ក្នុងឧបទ្ទវហេតុមួយនេះ ដែលបានកើតឡើងនៅក្បែរតំបន់ Kapur ប្រទេសឥណ្ឌា ខណៈរថភ្លើងមួយគ្រឿងនេះ បានបើកឆ្លងកាត់រំលងស្ពានមួយកន្លែង ដែលមានប្រឡាយរីងស្ងួត។
ដោយឡែក ខាងក្រសួងអយស្ម័យយាន (ផ្លូវដែក) ក៏បានសរសេរនៅលើបណ្តាញសង្គម Twitter ផ្លូវការរបស់ខ្លួនដែរថា មិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់ថា មានមនុស្សស្លាប់នៅឡើយទេ។ ទាក់ទងទៅនឹងឧបទ្ទវហេតុនេះទៀតសោត គេក៏មិនទាន់ដឹងច្បាស់ពី មូលហេតុបង្កពិតប្រាក ខណៈបច្ចុប្បន្នកំពុងតែបញ្ជា ឲ្យមានការចុះធ្វើការស៊ើបអង្កេតបន្ថែមលើករណីនេះផងដែរ។
ក្រុមមន្រ្តីបាននិយាយថា អ្នកដំណើរទាំងអស់ ត្រូវបានជួយសង្គ្រោះចេញពីទូររថភ្លើងគ្រប់ៗគ្នា។ ដោយឡែក សាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែក និយាយថា នៅពេលដែលទូររថភ្លើងក្រឡាច់ធ្លាក់នោះ គឺមានផ្សែងអ័ព្ទយ៉ាងក្រាស់។
ប្រភពដដែលបានឲ្យដឹងទៀតថា លោកអធិការប៉ូលិស Zaki Ahmad បានមានប្រសាសន៍បន្ថែមប្រាប់សារព័ត៌មានក្នុងស្រុកថា «ពួកយើងអះអាងថា មានមនុស្សចំនួន២នាក់ បានស្លាប់ក្នុងហេតុការណ៍នេះ រីឯអ្នករងរបួសជាច្រើននាក់ផ្សេងទៀត ក៏ត្រូវបានក្រុមភ្នាក់ងារជួយសង្គ្រោះ ប្រញាប់ប្រញាល់ដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យក្បែរតំបន់ Kanpur ផងដែរ» ។
គួរឲ្យដឹងដែរថា គ្រោះថ្នាក់រថភ្លើង គឺជារឿងធម្មតា ដែលតែងតែកើតមានឡើងជារឿយ នៅក្នុងប្រទេសឥណ្ឌា។ នោះក៏ដោយសារតែស្ថានភាពផ្លូវដែក គឺមានសភាពចាស់ទ្រុឌទ្រោម និងថែមទាំងហួសសម័យកាល នៃការប្រើប្រាស់ថែមទៀតផង។ បើយោងតាមរបាយការណ៍ ក៏បានបង្ហាញឲ្យឃើញដែរថា មនុស្សច្រើនជាង ១៤០នាក់ បានស្លាប់បាត់បង់ជីវិត កាលពីខែមុន (វិច្ឆិកា) ខណៈរថភ្លើងមួយគ្រឿង បានធ្លាប់បានក្រឡាច់ធ្លាក់ចេញពីផ្លូវ ផ្ងារជើងនៅក្បែរតំបន់កើតហេតុ Kanpur នេះដូចគ្នាផងដែរ។
គួររំលឹកថា កាលពីឆ្នាំមុនកន្លងទៅ រដ្ឋាភិបាលក៏ធ្លាប់បានធ្វើការប្រកាស ថានឹងវិនិយោគក្នុងរង្វង់ទឹកប្រាក់ ១៣៧ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើការសាងសង់និងពង្រីកផ្លូវដែកឲ្យមានលក្ខណៈទំនើបកម្ម ដោយចំណាយពេលជាង ៥ឆ្នាំ ក្នុងការសាងសង់ផងដែរ ៕   

No comments:

Post a Comment