កូរ៉ខាងត្បូង៖ ថ្មីៗនេះ គេហទំព័រយូធូបបានចេញ នូវបញ្ជីរាយឈ្មោះវីដេអូ Kpop ទាំង១០ ដែលជាប់ជាវីដេអូ ដែលទទួលបានចំនួនអ្នកទស្សនាច្រើនបំផុតនៅក្នុងឆ្នាំ២០១៦នេះ។
ជាក់ស្តែង ផលិតកម្មYG ជាផលិតកម្មដែលធំ និងល្បីល្បាញខ្លាំងប្រចាំប្រទេសកូរ៉េខាងត្បូង និងមានតារាចម្រៀងទោល លោក PSY នៅក្នុងទ្រនំទៀតនោះ បានធ្វើឲ្យវិសាលភាពនៃផលិតកម្មមួយនេះ រឹតតែឈានឡើងនៅក្នុងទីផ្សារតន្ត្រីពិភពលោក ផងដែរ។ គួរឲ្យដឹងថា លោក PSY បានធ្វើឲ្យមនុស្សទូទាំងពិភពលោក ចាប់ផ្តើមស្គាល់តាមរយៈបទ «Gangnam Style» បន្ទាប់មកគឺ បទ«Gentleman» ដែលភាពទាក់ទាញនៃបទចម្រៀងនេះ គឺក្បាច់រាំតែម្តងពោរពេញទៅដោយថាមពល និងសប្បាយរាំផងដែរ។
បន្ទាប់ចម្រៀង«Gangnam Style» របស់ លោក PSY បានល្បីសុះសាយ និងកក្រើកខ្លាំងសឹងតែមិនគួរឲ្យជឿមក លោក PSY ក៏បានក្លាយទៅជាតារាចម្រៀងពិភពលោក និងជាមនុស្សដែលអ្នកគ្រប់គ្នា កំពុងតែចង់ដឹង ពីគ្រប់សកម្មភាពរបស់លោកផងដែរ។ លើសពីនេះទៅទៀត លោក PSY ក៏បានក្លាយទៅជាតារាចម្រៀងដំបូង បង្អស់នៃប្រទេសកូរ៉េខាងត្បូង ដែលបានជាប់ចំណាត់ថ្នាក់លេខ១នៅក្នុង តារាង iTunes Music Video របស់ពិភពលោក និងបានបំបែកកំណត់ត្រាក្លាយទៅជា វីដេអូបទចម្រៀងដែលមានអ្នកទស្សនាច្រើនបំផុត នៅលើគេហទំព័រយូធូប លើសពី១ពាន់លានដង នៅក្នុងឆ្នាំ២០១២។
ចូលមកដល់ឆ្នាំ២០១៣ លោក PSY ក៏បានត្រឡប់មកវិញដោយពាំនាំមកនូវបទ ចម្រៀង ដែលធ្វើឲ្យកក្រើកពិភពតន្ត្រីម្តងទៀត ចំនួន២បទដែលមានចំណងជើងថា៖ «Gentleman» និង «Hangover» ។ អ្វីដែលពិសេសនោះ គឺបទ«Gentleman» បានឆក់តំណែងលេខ១ «Most Viewed K-pop MV» ពី ក្រុមចម្រៀងនារី Girls Generationនិងក្រុម EXOថែមទៀតផង។
ទន្ទឹមនឹងនេះផងដែរ បទ «Hangover» ក៏បានពាំនាំនូវជ័យជម្នះបន្ថែមទៀតនៅក្នុងឆ្នាំ២០១៤ ដោយបទនេះផងដែរ PSY បានសហការច្រៀងរួមគ្នាជាមួយនឹងតារាចម្រៀង Hip-Hop របស់អាមេរិក នោះគឺលោកSnoop Dogg ។
មិនថាយ៉ាងណា នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៥ លោក PSY ក៏បានបញ្ចេញ អាល់ប៊ុមទី៧ របស់លោកមួយទៀត ដែលបទចម្រៀងមានចំណងជើងថា «Daddy» ដោយក្នុង ក៏មានកញ្ញា CL មេក្រុម 2NE1 និងលោក GD មេក្រុម Big Bang ចូលរួមសម្តែងផងដែរ។ មកទល់ឆ្នាំ២០១៦នេះផងដែរ បទចម្រៀងមួយបទនេះ ទទួលបានចំនួនដងនៃអ្នកទស្សនា ចំនួន ២២១លានដងផងដែរ ហើយក្នុងនោះ លោក PSY ក៏បានជាប់នៅក្នុងតារាងឈ្មោះទាំង១០ របស់Youtube ដែលទទួលបានចំនួនអ្នកទស្សនាច្រើនជាងគេប្រចាំឆ្នាំ២០១៦នេះ « Top 10 Most Viewed K-pop MVs»៕

No comments:
Post a Comment