Tevez ទទួលបានប្រាក់ឈ្នួលខ្ពស់កប់ពពក ក្រោយផ្ទេរទៅលេងនៅចិន ជាផ្លូវការ

ចិន៖ ក្នុងទីផ្សារដោះដូរកីឡាករប៉ុន្មានរយៈចុងក្រោយនេះ ឃើញថា ក្លិបនៅចិន កំពុងវាយលុកទីផ្សារបាល់ទាត់អឺរ៉ុបខ្លាំងណាស់ ដល់ថ្នាក់ហ៊ានចំណាយលុយរាប់លានផោន តាមប្រមាញ់ និងទិញកីឡាករកំពូលៗមកពីក្លិបធំៗ។
ជុំវិញបញ្ហាដោះដូរកីឡាករនេះដែរ ថ្មីៗនេះ ខ្សែប្រយុទ្ធឆ្នើមមួយរូបរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន កីឡាករ Carlos Tevez បានចុះកិច្ចព្រមព្រៀងជាផ្លូវការហើយ ជាមួយក្លិប Shanghai Shenhua លេងនៅក្នុងក្របខ័ណ្ឌបាល់ទាត់កំពូលនៅចិន Chinese Super League។  
គួរបញ្ជាក់ផងដែរថា ក្នុងការផ្ទេរទៅលេងឲ្យក្លិប Shanghai Shenhua នេះ Tevez នឹងទទួលបានប្រាក់ឈ្នួលចំនួន ៦១៥,០០០ផោន (ជាង៧៥មឺុនដុល្លារ) ក្នុង១សប្តាហ៍ ក្លាយជាកីឡាករបាល់ទាត់ដែលរកបានប្រាក់ចំណូលច្រើនជាងគេលើពិភពលោក។
កីឡាករវ័យ៣២ឆ្នាំ រូបនេះ នឹងទៅធ្វើតេស្តពិនិត្យសុខភាពនាពេលខាងមុខនេះហើយ ដើម្បីឆាប់បានចូលធ្វើការហ្វឹកហាត់ជាមួយក្លិប ដែលបច្ចុប្បន្នដឹកនាំដោយគ្រូបង្វឹក លោក Gustavo Poyet ធ្លាប់ជាអតីតខ្សែបំរើរបស់ Chelsea។
គួររំលឹកផងដែរថា កាលពីឆ្នាំមុនកន្លងទៅក្នុងទីផ្សារដោះដូរកីឡាករ Tevez បានសម្រេចចិត្តផ្ទេរទៅលេងនៅក្លិបនៅឯស្រុកកំណើតរបស់ខ្លួន Boca Junior អស់រយៈពេលពេញមួយរដូវកាល ។ ដោយឡែកចំពោះលើកនេះវិញ បន្ទាប់ពី Tevez ធ្វើការសម្រេចចិត្តចាកចេញទៅលេងនៅចិន ក្លិប Boca Junior របស់អាហ្សង់់ទីន ក៏បានចេញសារថ្លែងអំណរគុណ និងជូនពរដល់កីឡាកររូបនេះផងដែរ៕ 


No comments:

Post a Comment